អង្គការបង្រៀនដើម្បីកម្ពុជា ជាដៃគួសហការជាមួយ ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគំនិតច្នៃប្រឌិតមួយដើម្បីផ្តល់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ

ភ្នំពេញ​​ – ថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩ 

បញ្ហាប្រឈមនៅក្នុងស្រុកត្រូវការដំណោះស្រាយប្រកបទៅដោយ គំនិតច្នៃប្រឌិតនិងដៃគូសហការនៅក្នុងស្រុក។ ហេតុដូចនេះហើយទើបអង្គការបង្រៀនដើម្បីកម្ពុជា (TFC) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានមហាវិទ្យាល័យអប់រំជាអ្នកអនុវត្ត បានសហការគ្នាក្នុងការផ្តល់ ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសកម្មវិធីសិក្សានិងការបង្រៀន ឬ Curriculum and Instruction។ មុខជំនាញថ្មីនេះផ្តោតសំខាន់ទៅលើកម្មវិធីសិក្សា និងការណែនាំចំពោះអាជីពជាគ្រូបង្រៀន ដើម្បីឲ្យគ្រូបង្រៀនអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ពួកគេ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាឬ MoU នេះបានបា្ររព្ធឡើងនារសៀលថ្ងៃទី២១ ខែមិថុនា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

ពិធីចុះ MoU នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ តំណាងឲ្យអង្គការបង្រៀនដើម្បីកម្ពុជាគឺលោកស៊ីវ មុនីរ័ត្ន ជានាយកប្រតិបត្តិនិងស្ថាបនិករបស់អង្គការនេះ ហើយតំណាងភាគីសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ។

ក្នុងសន្តរកថាស្វាគមន៍ បណ្ខិតសុខ សូត្រ ព្រឹទ្ទបុរសមហាវិទ្យាល័យ អប់រំបានរំលឹកពីចំណាប់អារម្មណ៍របស់លោកចំពោះ TFC ថា “ពេលខ្ញុំបានជួបជាមួយក្រុមការងារ Teach For Cambodia ដំបូងខ្ញុំហាក់មានអារម្មណ៍ស្រលាញ់ចូលចិត្ត ដូចជាស្នេហាឃើញភ្លាមស្រលាញ់ភ្លែត។ យើងមានទស្សនៈស្រដៀងគ្នាយ៉ាងច្រើនទាក់ទងវិស័យអប់រំ ហើយយើងចង់ក្លាយជាដៃគូសហការគ្នា និងបង្កើតគំនិតច្នៃប្រឌិតរួមគ្នាសំរាប់ជំរុញការអប់រំរបស់គ្រូបង្រៀនជាមួយគ្នា។ យើញទាំងពីរមានមហិច្ឆតារួមគ្នាក្នុងការកំណត់និយមន័យទស្សនវិជ្ជាអប់រំជាថ្មី សំរាប់ប្រទេសកម្ពុជាដើម្បីធ្វើដំណើរឆ្ពោះទៅមុខ ក្នុងសម័យបដិវដ្តឧស្សាហ៍ កម្មលើកទី៤.0។ ជាងនេះទៅទៀត យើងទាំងពីរនាក់ សុទ្ធតែដឹងយ៉ាងច្បាស់ថាយើងមិនអាចធ្វើការដ៏ធំនេះតែឯងបាននោះទេ។

សូមបញ្ជាក់ថា អង្គការបង្រៀនដើម្បីកម្តុជាគឺជាផ្នែកមួយនៃ បណ្តាញអប់រំជាសកលឈ្មោះថា Teach For All ដែលមានបណ្តុំអង្គការឯករាជក្នុងប្រទេសផ្សេងៗបង្កើតឡើង និងស្វែងរកភាពជាដៃគូជាមួយសាកលវិទ្យាល័យនាំមុខគេនានាក្នុងស្រុក។ អង្គការបង្រៀនដើម្បីកម្តុជាមានការចាប់អារម្មណ៍ជាមួយ RUPP ក្រោយពីបានសង្កេតឃើញការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមសាកលវិទ្យាធិការ ។ លុះបានមកជួបជាមួយលោកបណ្ឌិតសុខ សូត្រជាព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ និងក្រុមការងាររបស់លោកដែលគ្រប់គ្នាសុទ្ធតែផ្តោតលើការរៀនរបស់សិស្ស មានការឆ្នៃប្រឌិត និងសុទ្ធតែយល់ពីសក្តានុពលរបស់ពួកគេក្នុងបុព្វហេតុអប់រំ និងកំណែទម្រង់របស់ក្រសួងអប់រំ យុវជននិងកីឡា យើងកាន់តែពេញចិត្តនឹងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញដើម្បីសម្រេចគោលដៅរួមរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតជេត ជាលី បានបញ្ជាក់ថា “មហាវិទ្យាល័យអប់រំរបស់ RUPP មានតួនាទីសំខាន់ពីរ មួយគឺបណ្តុះបណ្តាលអ្នកអប់រំសម្រាប់ប្រទេស និងពីរគាំទ្រការអនុវត្តគោលនយោបាយអប់រំរបស់រដ្ឋាភិបាល។ យើងចង់ឱ្យសាកលវិទ្យាល័យរបស់យើងក្លាយជាគំរូនៃឧត្តមភាព»។ ឯកឧត្តមក៏បានលើកឡើងពីគោលបំណងរួមគ្នាក្នុងការ “ធ្វើឱ្យប្រសើរឡើងនូវធនធានមនុស្ស” របស់ប្រទេសកម្ពុជា។

ការផ្តួចផ្តើមរួមគ្នារវាង RUPP និង TFC នេះបានទាក់ទាញបេក្ខជនដែលមានឆន្ទៈនិងសមត្ថភាពក្នុងអាជីពបង្រៀនជាច្រើន។ យើងនឹងរួមគ្នាអភិវឌ្ឍន៍ពួកគេបន្ថែមទៀត សម្រាប់បំពេញតួនាទីសំខាន់ក្នុងការកែលម្អប្រព័ន្ធអប់រំ។ នេះជាការគាំទ្រដោយ ផ្ទាល់នូវផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀនរបស់ក្រសួងអប់រំយុវជន និងកីឡា និងរបៀបវារៈកំណែទម្រង់ការអប់រំដើម្បីបណ្តុះបណ្តាលក្រុមគ្រូបង្រៀន និងអ្នកដឹកនាំជំនាន់ថ្មីដែលយកប្រយោជន៍ សម្រាប់គំនិតផ្តួចផ្តើមការអប់រំកម្រិតឧត្តមសិក្សានាពេលអនាគត ជាពិសេសការងារពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នកអប់រំផងដែរ។

សូមបញ្ជាក់ថា លោកស៊ីវ មុនីរ័ត្នជាអ្នកគាំទ្រដ៏ស្រួចស្រាវចំពោះភាពជាដៃគូសាធារណៈនិងឯកជន ដែលជាវិធីថ្មីមួយក្នុងការធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សបានសង្កត់ធ្ងន់នាឱកាសនោះថា “ភាពជាដៃគូរបស់យើងជាមួយ RUPP ពិតជាគំរូក្នុងស្រុកដ៏ល្អមួយទាក់ទងពីវិធីដែលស្ថាប័នមិនមែនរដ្ឋាភិបាលនិងស្ថាប័នរដ្ឋាភិបាលសហការគ្នា ដើម្បីឲ្យយើងទាំងពីរភាគីអាចដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់គោលនយោបាយជាតិ និងការលើកកម្ពស់ស្តង់ដារសម្រាប់ការអប់រំសាធារណៈ “។ ហើយ MoU រវាង TFC និង RUPP គឺជាឧទាហរណ៍មួយស្តែងពីការសហការគ្នារវាងស្ថាប័នរាជរដ្ឋាភិបាល ជាមួយស្ថាប័នអប់រំនានា អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងការកែលម្អការអប់រំនិងការអភិវឌ្ឍគ្រូបង្រៀននៅក្នុងប្រទេស ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។
លោកបណ្ឌិតសុខ សូត្របានបន្ថែមទៀតថា “TFC និង RUPP មានគោលដៅរួមគ្នា។ យើងប្រាថ្នាក្លាយជាដៃគូដ៏មានប្រសិទ្ធភាពរបស់គ្នាទៅវិញទៅមកក្នុងការងារនេះជាមួយគ្នា” ។ កញ្ញាឆែ ដានី ដែលជានិស្សិតទទួលអាហារូបករណ៍របស់ Teach For Cambodia ជំនាន់ ២០១៨ បានលើកឡើងពីអារម្មណ៍របស់នាងថា ឥឡូវនេះ “យើងនៅក្នុងទូកតែមួយជាមួយគ្នា គឺទូកនៃការអប់រំ។ យើងត្រូវតែឈានទៅមុខជាមួយគ្នា ដើម្បីជាតិនិងជំនាន់ក្រោយរបស់យើងទាំងអស់គ្នា”។

គួរបញ្ជាក់ថា ភាពជាដៃគូរវាង TFC និង RUPP ផ្តល់ឱ្យនិស្សិតទទួលអាហារូបករណ៍ TFC នូវឱកាសបញ្ចូលគ្នានូវ ពិសោធន៍ជាក់ស្តែង ក្នុងថ្នាក់រៀន ជាមួយការបណ្ដុះបណ្ដាលនិងការហ្វឹកហាត់ប្រកប ដោយ វិជ្ជាជីវៈរបស់ TFC និងការសិក្សាកម្រិតអនុបណ្ឌិតនៅ RUPP ដើម្បីឆ្ពោះទៅរកគុណវុឌ្ឍិសមស្របសម្រាប់កម្រិតអនុបណ្ឌិតអប់រំលើឯកទេសកម្មវិធីសិក្សានិងការបង្រៀន ឬ Curriculum & Instruction។

លោក ស៊ីវ មុនីរ័ត្ន ក៏មានប្រសាសន៍ដែរថា “ថ្ងៃដែលកូនចៅជំនាន់ក្រោយ របស់យើងបានបញ្ចេញសក្តានុពលរបស់ពួកគេបានពេញលេញ ថ្ងៃនោះហើយ គឺជាថ្ងៃដែលប្រទេសកម្ពុជាបានបញ្ចេញនូវសក្ដានុពលបានពេញលេញដែរ។ កម្ពុជាពេលនោះនឹងក្លាយជាប្រទេសដែលមាន សក្ដានុពលនិងក្លាយជាប្រទេសអភិវឌ្ឍន៍។ លោកបានបន្ថែមទៀតថា “យើងមានប្រវត្តិសាស្ត្រដ៏រុងរឿងរបស់យើងជាសក្ខីភាពរួចហើយ” ។

ប្រាក់កម្រៃមួយដែលគាំទ្រយុវជនកម្ពុជាដែលមានទេព្យកោសល្យ ដើម្បីប្រែក្លាយពួកគេឲ្យទៅជាអ្នកដឹកនាំ តាមរយៈកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងសាលារដ្ឋ ឬ Leadership Development Program ដែលមានរយៈពេលពីរឆ្នាំ។ នៅក្នុងឆ្នាំ២០១៨ កន្លងមកនេះ អ្នកដឹកនាំ វ័យក្មេងជាង ៣០នាក់នៅក្នុងប្រទេសកម្ពុជាបានជាប់ការជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីហ្វេឡូស៊ីប TFC (TFC Fellowship) ដោយ ផ្ទាល់។ យុវជនដ៏ប្រកបដោយសក្តានុពលទាំងនេះកំពុងបង្រៀនកុមារចំនួនជាង ៥០០០នាក់នៅក្នុងសាលារដ្ឋនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

មុនពេលពួកគេចូលរួមកម្មវិធីហ្វេឡូស៊ីប ពួកគេគឺជានិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យ នានា ហើយពួគេខ្លះគឺជាគ្រូបង្រៀនរួចទៅហើយ ខ្លះទៀតគឺជាអ្នកអាជីពវ័យក្មេងខាងជំនាញវិស្វកម្ម ព័ត៌មានវិទ្យា ចិត្តវិទ្យា សង្គមកិច្ច គីមីវិជ្ជា ទំនាក់ទំនងវិជ្ជាជីវៈ ការអប់រំ ច្បាប់ ។ល។

អង្គការបង្រៀនដើម្បីកម្ពុជាអាចពន្លឿនផលជះក្នុងស្រុកតាមរយៈ ការសហការយ៉ាងស្អិតរមួតជាមួយដៃគូពីបណ្តាលប្រទេសនានាចំនួន ៥០ប្រទេស ដែលចូលរួមជាសមាជិកនៃបណ្តាញសកលលោក មួយមានឈ្មោះថា Teach For All ។

Website: www.teachforcambodia.org | Facebook: www.facebook.com/teachforcambodia

 

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យសាធារណៈធំបំផុតនិងចាស់ជាងគេ ដែលកសាងចំណេះដឹងជំនាញគុណតម្លៃ និងឥរិយាបថរបស់សិស្សទាំងអស់ដែលផ្តល់ឱ្យពួកគេនូវជំនាញសហគ្រិន និងការច្នៃប្រឌិត ការយល់ដឹងស៊ីជម្រៅពីអន្តរវប្បធម៌ និងជំនាញទន់នានាសំរាប់ការងារជាក់ស្តែង។ មហាវិទ្យាល័យអប់រំ របស់ RUPP ផ្តល់ការបណ្តុះបណ្តាល ជំនាញអប់រំពីកម្រិតបរិញ្ញាបត្រដល់បណ្ឌិត។ មហាវិទ្យាល័យមានដេប៉ាតឺម៉ង់សិក្សាអប់រំ ដេប៉ាតឺម៉ង់គ្រប់គ្រងនិងអភិវឌ្ឍន៍ឧត្តមសិក្សា និងដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត។ មហាវិទ្យាល័យនេះមានឆន្ទៈយ៉ាងមុតមាំ ក្នុងការជួយអនុវត្តគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

Website: http://www.rupp.edu.kh/master/education/ | Facebook: https://www.facebook.com/rupp.fed/

Comments

comments